Romans 1

1ខ្ញុំប៉ូល​ជា​បាវបម្រើ​របស់​ព្រះ​គ្រិស្ដយេស៊ូ​និង​ជា​សាវកម្នាក់​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ព្រមទាំង​ញែកចេញសម្រាប់ដំណឹងល្អ​របស់​ព្រះជាម្ចាស់ 2ដែលបាន​សន្យា​ពីមុន​មកតាមរយៈ​ពួក​អ្នកនាំព្រះបន្ទូល​របស់​ព្រះអង្គនៅក្នុងបទគម្ពីរបរិសុទ្ធ 3អំពីព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​ដែល​ខាងឯសាច់ឈាម​បាន​ប្រសូតពីពូជពង្ស​របស់​ស្ដេច​ដាវីឌ 4ត្រូវបាន​តែងតាំង​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដោយព្រះចេស្ដារបស់​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ​បាន​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ​គឺ​ជា​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង 5ដែលយើង​បាន​ទទួល​ព្រះ​គុណនិងតួនាទី​ជា​សាវកដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់បង្គាប់​តាម​ជំនឿសម្រាប់ព្រះនាម​របស់​ព្រះអង្គ 6អ្នករាល់គ្នាក៏នៅក្នុងចំណោម​ពួក​អ្នក​ដែល​ព្រះ​យេស៊ូគ្រិស្ដ​បាន​ត្រាស់ហៅដែរ 7ជូនចំពោះ​បងប្អូន​ជា​ទីស្រលាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់​ដែល​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធនៅ​ក្រុង​រ៉ូម។ ​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ដ​ដល់​អ្នករាល់គ្នា 8ជាបឋមខ្ញុំ​សូម​អរព្រះគុណព្រះជាម្ចាស់​របស់​ខ្ញុំតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដសម្រាប់អ្នកទាំងអស់គ្នាព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពីជំនឿ​របស់​អ្នករាល់គ្នាពាសពេញពិភពលោក 9ហើយព្រះជាម្ចាស់ដែល​ខ្ញុំ​បម្រើដោយវិញ្ញាណ​របស់​ខ្ញុំក្នុង​ការ​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គជាសាក្សី​របស់​ខ្ញុំថា​ខ្ញុំ​តែងតែនឹកចាំ​ពី​អ្នករាល់គ្នា 10ជានិច្ចនៅក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ដោយ​ទូលសូម​ឲ្យ​ម្ដងនេះ​ខ្ញុំ​អាច​មកលេងអ្នករាល់គ្នា​បាន​នៅ​ទីបំផុត​ដោយ​វិធិណាមួយតាមបំណង​របស់​ព្រះជាម្ចាស់ 11ដ្បិតខ្ញុំ​ទន្ទឹង​រង់ចាំជួបអ្នករាល់គ្នាដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះ​ដល់​អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​រឹងមាំ 12គឺឲ្យ​យើង​បាន​លើកទឹកចិត្តគ្នាទៅវិញទៅមក​ពេល​នៅ​ជាមួយ​គ្នា​តាមរយៈជំនឿ​របស់​យើង​ម្នាក់ៗ​គឺ​ទាំង​ជំនឿ​របស់​អ្នករាល់គ្នានិង​របស់​ខ្ញុំ 13បងប្អូនអើយ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នាដឹងថា​ខ្ញុំ​មាន​គម្រោងមកលេងបងប្អូនច្រើនដង​មក​ហើយដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួលផលខ្លះ​នៅក្នុង​ចំណោមអ្នករាល់គ្នា​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​នៅក្នុងចំណោមជនជាតិផ្សេងទៀតដែរប៉ុន្ដែ​ខ្ញុំ​ត្រូវ​បាន​រាំងរារហូតដល់ពេលនេះ 14ខ្ញុំជំពាក់ទាំង​ជនជាតិ​ក្រេកនិង​ជនជាតិ​ដទៃទៀតទាំង​អ្នក​ប្រាជ្ញនិង​អ្នក​ល្ងង់ខ្លៅ 15ដូច្នេះខ្ញុំក៏ចង់ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នាដែលនៅ​ក្រុង​រ៉ូម​ខ្លាំង​ណាស់ដែរ 16គឺខ្ញុំ​មិនខ្មាស​នឹង​ដំណឹងល្អទេព្រោះជាព្រះចេស្ដា​របស់​ព្រះជាម្ចាស់សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់អ្នកដែលជឿមុនដំបូង​ជនជាតិ​យូដាបន្ទាប់មក​ជនជាតិ​ក្រេក 17ដ្បិតនៅក្នុងដំណឹងល្អ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​បើកសំដែងដោយសារជំនឿ​ហើយ​ឲ្យ​ជំនឿ​នោះ​ចម្រើន​ច្រើន​ឡើង​ដូច​មាន​ចែង​ទុក​ថា៖ ​«មនុស្ស​សុចរិត​នឹង​រស់ដោយជំនឿ»។ 18សេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញពីស្ថានសួគ៌មកទាស់នឹងគ្រប់ទាំង​ការ​មិន​កោតខ្លាចព្រះជាម្ចាស់និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំងសេចក្ដីពិតក្នុង​សេចក្ដី​ទុច្ចរិត 19ព្រោះអ្វីដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់ព្រះជាម្ចាស់បានគឺ​បាន​បង្ហាញនៅក្នុងចំណោមពួកគេ​ហើយ​ដ្បិតព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេឃើញ 20តាំងពីកំណើតពិភពលោក​មក​លក្ខណៈ​របស់​ព្រះអង្គ​ដែល​មិន​អាច​មើលឃើញ​គឺ​ព្រះចេស្ដា​ដ៏​អស់កល្បនិងនិស្ស័យជាព្រះ​របស់​ព្រះអង្គ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់តាមរយៈអ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។ ​ដូច្នេះពួកគេគ្មាន​សេចក្ដី​ដោះសា​ឡើយ 21ទោះជាពួកគេ​ស្គាល់ព្រះជាម្ចាស់​ក៏ដោយ​ក៏​មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់អរព្រះគុណ​ព្រះអង្គ​ដែរ​ផ្ទុយទៅវិញគំនិត​របស់​ពួកគេ​ត្រលប់ជា​គ្មាន​បានការ​ហើយចិត្ដល្ងង់ខ្លៅ​របស់​ពួកគេ​ក៏​ត្រលប់ជា​ងងឹត 22ពួកគេអះអាងថា​ខ្លួនឯង​មានប្រាជ្ញា​ប៉ុន្ដែ​ពួកគេ​ល្ងង់ទេ 23ព្រោះពួកគេ​បាន​ដូរ​សិរី​រុងរឿងរបស់ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុករលួយព្រមទាំង​សត្វ​ស្លាបសត្វជើងបួននិង​សត្វ​លូនវារ​មក​ជំនួស​វិញ។ 24ដូច្នេះហើយ​បានជា​ព្រះជាម្ចាស់បណ្ដោយពួកគេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោកគ្រោកទៅតាម​ចំណង់​តណ្ហា​របស់​ពួកគេ​ដែល​ប្រមាថរូបកាយ​របស់​គ្នាទៅវិញទៅមក 25ពួកគេបាន​ដូរសេចក្ដីពិត​របស់​ព្រះជាម្ចាស់យក​សេចក្ដី​ភូតភរហើយ​បាន​ថ្វាយបង្គំនិងបម្រើ​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាជាងព្រះដែល​បាន​បង្កើត​និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរអស់កល្បជានិច្ចអាម៉ែន 26ដោយសារហេតុនេះព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាបសូម្បីតែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា 27ពួក​ប្រុសក៏ដូច្នោះដែរ​ពួកគេ​បោះបង់​ការ​រួមភេទ​តាម​ធម្មតាជាមួយ​មនុស្ស​ស្រី​ហើយ​បែរជា​ពុះកញ្ជ្រោលក្នុង​ការ​ស្រើបស្រាលជាមួយ​ប្រុស​ដូចគ្នា។ ​ពួកគេ​បាន​ប្រព្រឺត្ដ​យ៉ាង​អាក្រក់​គឺ​ប្រុសជាមួយប្រុសហើយ​ពួកគេ​បាន​ទទួល​ការ​តបស្នង​ចំពោះ​ពួកគេ​វិញ​យ៉ាង​ស័ក្ដិសមនឹងកំហុស​របស់​ខ្លួន 28ដោយព្រោះ​ពួកគេ​មិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ​ព្រះអង្គ​ក៏​បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង​គឺ​ឲ្យ​ប្រព្រឹត្ដមិនគួរគប្បី 29ដូច្នេះពួកគេ​ពេញ​ដោយ​សេចក្ដី​ទុច្ចរិតគ្រប់បែបយ៉ាង​សេចក្ដី​អាក្រក់​សេចក្ដី​លោភលន់​និង​សេចក្ដី​កំណាច​ហើយ​ពេញដោយ​សេចក្ដី​ឈ្នានីស​ការ​កាប់​សម្លាប់​ការ​ឈ្លោះប្រកែកល្បិចកល​និង​គំនិត​ព្យាបាទ​ទៀត​ផង។ ​ពួកគេ​ជា​មនុស្ស​និយាយ​ដើម​គេ 30មនុស្សនិយាយ​បង្ខូច​គេ​មនុស្ស​ស្អប់ព្រះជាម្ចាស់​មនុស្ស​ព្រហើន​មនុស្ស​ក្អេងក្អាង​មនុស្ស​អួត​មនុស្ស​បង្កើត​ការ​អាក្រក់​មនុស្ស​មិន​ស្ដាប់បង្គាប់ឪពុកម្ដាយ 31មនុស្សមិន​ដឹង​ខុសត្រូវ​មនុស្ស​មិនស្មោះត្រង់​មនុស្ស​គ្មាន​សេចក្ដី​ស្រលាញ់​មនុស្ស​គ្មាន​សេចក្ដី​មេត្ដា 32ពួកគេដឹង​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់ថា​អស់​អ្នកដែលប្រព្រឹត្ត​អំពើ​បែបនេះសម​នឹង​ស្លាប់​ហើយ​ពួកគេ​មិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេថែមទាំងពេញចិត្ដ​នឹង​ពួក​អ្នកដែលប្រព្រឹត្ត​អំពើ​ទាំងនោះ​ទៀតផង
Copyright information for KhmKCB